ប្រលោមលោក

[ប្រលោមលោក »][bleft]

ព័ត៌មានទូទៅ

[ព័ត៌មានទូទៅ »][bsummary]

ឈុតខ្លីៗ

[ឈុតខ្លីៗ »][list]

រឿងៈ កម្លោះរូបស្រស់ប៉ះខ្មោចក្រមុំ


«---MESSAGE---»

           រទេះ​រុល​ចូល​ព្រៃ​អូរ​តាអុង​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​ចែស មិន​ទាន់​បាន​ប្រាំពីរ​​ប្រាំបី​ម៉ែត្រ​ផង​គោ​អូស​រទេះ​ទាំង​ពីរ​ចាប់​ផ្ដើម ​រក​កល​មិន​ទៅ​មុខ ​ពនេចរ ​អៀប ទាញ​ខ្សែ​ស្រែក​សង្ខើញ និង​យក​គល់​ខ្សែតី​ចាក់​គោ​ទាំង​ពីរ​​តិចៗ​ពី​ក្រោយ​ដើម្បី​បន្ត​ដំណើរ​ចូល​ ឱ្យ​ជ្រៅ​ដល់​ទីតាំង​នៃ​ព្រៃ​ដែល​មាន​ប្រភេទ​ឈើ​អាច​កាប់​ធ្វើ​បង្គោល​ ចម្ការ​ត្រឡាច​បាន។ ចូល​ជ្រៅ​​ផុត​ប្រមាណ​ជាង​២០០​រយ​ម៉ែត្រ ព្រៃ​កាន់​តែ​ក្រាស់​បាន​ផ្ដល់​ម្លប់​យ៉ាង​ត្រឈឹងត្រឈៃ​ ចំហាយ​ទឹក​ពី​កូន​អូរ​តាអុង​​ថ្លា​ឆ្វង់​មើល​ឃើញ​ស្លឹក​ឈើ​ទុំ​​ជ្រុះ​ ធ្លាក់​ទៅ​​តម្រៀប​និង​គរ​គ្នា​នៅ​បាត​អូរ​ដែល​សន្ធឹង​​ប្រប​ផ្លូវ​រទេះ​បាន ​ជះ​ចំហាយ​ត្រជាក់​​​មក​អាច​​ធ្វើ​ឱ្យ​ជនានុជន​មាន​អារម្មណ៍​ចង់​លង់លក់​ ទាំង​កណ្ដាល​ថ្ងៃ​​​ត្រង់​ដោយ​មាន​សំឡេង​កង​រំពង​ដូច​ការ​​ប្រគំ​តន្ត្រី​​​ បំពេ​ពី ​ទោម ប្រវឹក មាន់​ទឹក ​ព្រហីត កុក ក្រសារ រទេះ​រំកិល​ចូល​កាន់​តែ​ជ្រៅ​បន្តិច​ទៀត​ចាប់​ផ្ដើម​មាន​ពានរ​តូច​ធំ​លោត​ ផ្លោះ​ពី​មែក​មួយ​ទៅ​មែក​មួយ​ហាក់​មិន​អើពើ​នឹង​​ពនេចរ​ដែល​មាន​ប្រដាប់​ដោយ ​ទឹក​បំពង់​ អាហារ​ខ្ចប់​ស្លឹក​ចេក និង​ខ្វែវ​ពូថៅ​សម្រាប់​ការ​កាប់​ឈើ​បង្គោល​ចម្ការ​សោះ។

ព្រៃ​អូរ​តាអុង​ក្នុង​ស្រុក​កង​មាស​​​​ខេត្ត​កំពង់ចាម​មាន​ផ្ទៃ​ក្រឡា​ ស្ទើរ​៤​គីឡូ​ម៉ែត្រ​បួន​ជ្រុង​ស្មើ​ ភាគ​​ខាង​កើត​ជាប់​ដី​ចម្ការ ខាង​ជើង​និង​ខាង​ត្បូង​ជាប់​ដី​ស្រែ និង​ខាង​លិច​ជាប់​បឹង។ អំឡុង​របប​ខ្មៅ​ងងឹត​ជន​ស្លូត​ត្រង់​ជា​ច្រើន​ត្រូវ​បាន​គេ​យក​ទៅ​វាយ​ សម្លាប់​ក្នុង​ព្រៃ​នេះ ដែល​ក្រោយ​ទសវត្ស​​ឆ្នាំ​១៩៧៩​​គេ​ឃើញ​មាន​ឆ្អឹង​ និង​សព​មិន​ទាន់​ផុយ​រលួយ​អស់​រដូករណែល​​នៅ​តាម​កូន​រណ្ដៅ​ស្ទើរ​គ្រប់​ ជ្រុង​នៃ​ព្រៃ ដូច្នេះ​ហើយ​នៅ​អំឡុង​ទសវត្ស​​ឆ្នាំ​១៩៨០​កុំ​ថា​ឡើយ​យប់ ពេល​ថ្ងៃ​ក៏​មិន​មាន​អ្នក​ហ៊ាន​ចូល​រក​សត្វ ​ឬ​កាប់​ឈើ​ដែរ​ព្រោះ​ល្បី​រឿង​ខ្លោច​លង។ ពី​ភាគ​ខាង​កើត​គ្មាន​ផ្លូវ​អាច​បរ​រទេះ​ចូល​រួច​ទេ​តែ​មាន​កូន​ផ្លូវ​ សម្រាប់​អ្នក​ថ្មើរ​ជើង ខណៈ​ខាង​ជើង​និង​ខាង​ត្បូង​គឺ​ផ្លូវ​រទេះ​បុក​ទម្លុះ​កាត់​​ព្រៃ​​មក​ ប្រសព្វ​គ្នា​ជា​មួយ​ផ្លូវ​ថ្មើរ​ជើង​​ដែល​បុក​ពី​ទិស​ខាង​កើត​មក​បាន​ជា​ ផ្លូវ​ត្រឡែងកែង​កណ្ដាល​ព្រៃ ​និង​មាន​ផ្លូវ​រទេះ​បន្ត​ទៅ​រហូត​ដល់​មាត់​បឹង។ ពនេចរ​ អៀប សង្ខើញ​បង្ខំ​គោ​ឱ្យ​អូស​រទេះ​រហូត​មក​ដល់​ផ្លូវ​ត្រឡែងកែង​ទើប​អែប​រទេះ​ទៅ ​ម្ខាង​ ហើយ​ចុះ​សំដៅ​ទៅ​​លុបលាង​មុខ និង​ផ្សើម​ទ្រូង​ដោយ​​ទឹក​អូរ​មុន​នឹង​សម្រេច​ចិត្ត​ថា ដោះ​គោ​ចង​នៅ​ម្ដុំ​នេះ​ហើយ​រក​មើល​ប្រភេទ​ឈើ​អាច​កាប់​បាន​ ឬ​បន្ត​ដំណើរ​សំដៅ​ទៅ​បឹង​ដែល​មាន​​ព្រៃ​កាន់​តែ​ក្រាស់​និង​ចម្រុះ​ដោយ​ឈើ​ ច្រើន​ប្រភេទ។ ពន្លឺ​ព្រះ​ទិនករ​នៅ​តែ​ជ្រែក​តាម​ប្រលោះ​នៃ​​ស្លឹក​ឈើ​តូច​ធំ​​មក​ប៉ះ​នឹង​ ធរណី ព្រម​ទាំង​ទឹក​អូរ​មាន​សភាព​ដូច​ជា​ការ​ចាំង​ទម្លុះ​មក​តាម​ពិតាន​ដែល​មាន​ ប្រហោង​រាប់​រយ​អីចឹង​ដែរ។ អៀប ដោះ​ក្រមា​ពី​ក​មក​ចង​ចង្កេះ រួច​អង្គុយ​ចោងហោង​ប្រប​មាត់​ទឹក ដៃ​ទាំង​ពីរ​ក្បង់​ទឹក​មក​លុប​មុខ​និង​ប្រស់​លើ​ដើម​ទ្រូង។ ក្បង់​ទឹក​ម្ដង​ជា​ពីរ​ដង​មក​បាច​​លើ​មុខ​តិចៗ​ដោយ​បិទ​ភ្នែក​ដក​ដង្ហើម​ ស្រូប​យក​ក្លិន​ផ្កា​ព្រៃ​ និង​បរិយាកាស​ដ៏​ត្រជាក់​​ពី​​ធម្មជាតិ អៀប ហៀប​នឹង​លូក​ដៃ​ទៅ​ក្បង់​ទឹក​សា​ជា​ថ្មី​ ប៉ុន្តែ​គាត់​ហាក់​មាន​អារម្មណ៍​ទទួល​បាន​សម្រិប​ជើង​មនុស្ស​ដើរ​ជាន់​ស្លឹក ​ឈើ​សំដៅ​មក​រក​គាត់​ពី​ក្រោយ​ខ្នង គាត់​ងាក​មក​ក្រោយ​គឺ​ល្មម​ពេល​ដែល​នារី​​វ័យ​ក្រមុំ​ម្នាក់​លូក​ដៃ​ទាំង​ ពីរ​​មក​ជិត​ដល់​ក​របស់​គាត់។ ពនេចរ​យើង លាន់​មាត់៖ អេៗៗ!! ក្មួយ​​ប្រុង​ធ្វើ​អី?​ ខ្ញុំ​គ្រាន់​តែ​ចង់​ចាប់​ពញ្ញាក់​ពូ​​លេង​ពី​ក្រោយ ។

មិន​ធ្លាប់​ស្គាល់​គ្នា​ផង​ ហើយ​ខ្លួន​ជា​ស្រី​ទៀត​ ម៉េច​ក៏​ហ៊ាន​ប៉ះ និង​លេង​សើច​​ជា​មួយ​ខ្ញុំ?​ ខ្ញុំ​មក​រក​​ផ្លែ​ដូង​ព្រះ​ម្នាក់​ឯង​ក្នុង​ព្រៃ​នេះ ខ្ញុំ​ខ្លាច​ពេក​ហើយ​ក៏​ឃើញ​ពូ​​មក​តែ​ម្នាក់​ឯង​ដែរ​ ដូច្នេះ​ហើយ​ខ្ញុំ​ចង់​ដឹង​ថា ពូ​​ខ្លាច​​ខ្មោច​ឬ​​អត់​ទើប​បន្លាច​ពូ​​លេង។ ពូ​មិន​ធ្លាប់​ឮ​គេ​ថា​ ព្រៃ​នេះ​មាន​ខ្មោច​លង និង​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់​ទេ​ហ្អែ៎? ពូ​មក​ពី​ភូមិ​ផ្សេង​មិន​សូវ​ដឹង​រឿង​ទេ តែ​កណ្ដាល​ថ្ងៃ​ចែស​អញ្ចឹង​​មាន​ខ្មោច​ម៉ោ​ពី​ណា? ហើយ​ពូ​​មិន​ជឿ​រឿង​ខ្មោច អ្នក​តា​អី​ទេ។ តាម​ពិត​ទៅ​ គ្មាន​ខ្មោច​លង​​ទេ​ គឺ​​ដោយសារ​កាល​​ដែល​​ទើប​ដាច់​មក​ពី​របប​ខ្មែរ​ក្រហម​ទី​នេះ​នៅ​មាន​ឆ្អឹង ​និង​សាកសព​ច្រើន​ ដូច្នេះ​ហើយ​មនុស្ស​ចេះ​តែ​មាន​ការ​ភ័យ​ខ្លាច​និង​បន្លាច​ខ្លួន​ឯង​ទេ តា​ខ្ញុំ​ប្រាប់​ថា​អញ្ចឹង។ ចុះ​បើ​ពូ​​ជួប​ខ្មោច​ពូ​​ខ្លាច​ទេ? អត់​ទេ ព្រោះ​ពូ​ដឹង​ថា​គ្មាន​​ខ្មោច​ទេ​ក្នុង​លោក​នេះ។ បាន​ហើយ​ទៅ​រក​បេះ​ផ្លែ​ដូង​ព្រះ​ចុះ ពូ​ទៅ​កាប់​បង្គោល​ត្រឡាច​ហើយ។ ក្ដៅ​ណាស់​ពូ​ប្រញាប់​កាប់​ធ្វើ​អី? ងូត​ទឹក​លេង​ជាមួយ​ខ្ញុំ​សិន​បាន​ទេ? ខ្ញុំ​មិន​ហ៊ាន​ចុះ​ងូត​ម្នាក់​ឯង​ទេ។ អៀប ជា​កំលោះ​ចាស់​ពេល​ឮ​នាង​បបួល​ងូត​ទឹក​តែ​ពី​នាក់​ក្នុង​ទឹក​អូរ​ថ្លា​ឆ្វង់ ​ក្នុង​ព្រៃ​ស្ងាត់​តែ​ពីរ​នាក់​គាត់​ដូច​ជា​ចង់​ស្ទាក់​ស្ទើរ មួយ​ខ្លាច​កាប់​បង្គោល​ឱ្យ​គេ​មិន​ទាន់​ មួយ​ដូច​មាន​អារម្មណ៍​បែប​មនុស្ស​ប្រុស​ពេល​នៅ​ជិត​ក្មេង​ស្រី​ពេញ​វ័យ​តែ​ ពីរ​នាក់​ក្នុង​ទី​ស្ងាត់។ ពនេចរ​ព្រលយ​ពាក្យ៖ មិន​ទៅ​បេះ​ផ្លែ​ដូង​ព្រះ​ទេ​អី? ចាំ​ម៉ោង​១​ចាំ​ទៅ​រក​បេះ​ក៏​បាន ពូ​កាប់បង្គោល​ទាន់​ទេ? មិន​អី​ទេ ព្រៃ​នេះ​មាន​ត្រស់​ច្រើន​ ពូ​កាប់​តែ​ពីរ​បី​ម៉ោង​បាន​មួយ​ដឹក​ហើយ។ តែ​ក្មួយ​បាន​អី​ផ្លាស់​ងូត​ទឹក? ចុះ​ក្រមា​ចង​ចង្កេះ​ពូ​អាច​ឱ្យ​ខ្ញុំ​ខ្ចី​សិន​បាន​ទេ? បាន! តែ​ពូ​មិន​ដឹង​ថា​ត្រូវ​ងូត​យ៉ាង​ម៉េច​កើត​ទេ។ ហើយ​ចុះ​ពូ​អត់​ស្លៀក​ខោ​ក្នុង​ម៉ោ​ទេ? អូ​មែន​ហើយ! ពូ​ស្លៀក​ខោ​ខ្លី​ត្រឹម​ជង្គង់​ម៉ោ​តា។ ស្រាយ​ក្រមា​ឱ្យ​ខ្ញុំ​ម៉ោ​អញ្ចឹង។

អៀប ស្រាយ​ក្រមា​ពី​ចង្កេះ​ឱ្យ​ទៅ​នាង នាង​ហាក់​មិន​អៀនប្រៀន​ក៏​ចាប់​ផ្ដើម​យក​ក្រមា​រុំ​ខ្លួន សម្រាត​ខោអាវ​ចេញ​ពី​ខ្លួន​អស់​នៅ​សល់​តែ​កូន​ក្រមា​ចោមពុង​បាំង​លើ ចំហ​ក្រោម​យ៉ាង​ល្វឹងល្វើយ។ ទោះ​ជា​មិន​ស​រលោង​ម៉ដ្ឋខៃ​ដូច​នារី​ទី​ក្រុង​ ប៉ុន្តែ​ដើម​ទ្រូង​​ដែល​ពើង​មក​​យ៉ាង​ច្រឡោងខាម​បាំង​ដោយ​ក្រមា​ស្ដើង​ល្ហៀក គល់​ភ្លៅ​ស្រអែម​រលោង ដែល​បិទបាំង​ដោយ​ក្រមា​ផិត​លើ​មែន​ទែន​ហើយ​នោះ ធ្វើ​ឱ្យ​ពនេចរ​សៅកែ​ក្ដុកក្ដួល​អារម្មណ៍។ នាង​ក្រមុំ​១៩​ឆ្នាំ​ទាញ​ជាយ​ក្រមា​មក​ខ្ទប់​នៅ​ទីតាំង​គ្រោះ​ថ្នាក់​ហើយ​ ដើរ​ប៉ាក់ប៉ើក​ៗ​ចុះ​ទឹក​អូ ពនេចរ​យើង​ដោះ​អាវ​ស្រាត​ខោ​ជើង​វែង​ចេញ ហើយ​បែរ​ខ្នង​ដើរ​សំដៅ​ទឹក​អូរ នាង​ស្រី​ងឿង​ឆ្ងល់​ពេល​គាត់​ចុះ​ដល់​ក្នុង​ទឹក​នាង​រំកិល​ខ្លួន​មក​ជិត​ហើយ ​សួរ៖ ម៉េច​ក៏​ពូ​ដើរ​ចុះ​ទឹក​បែរ​ខ្នង​អញ្ចឹង? គ្មាន​អី​ទេ ពូ​គ្រាន់​តែ​ធ្វើ​លេង។ តាម​ពិត​គាត់​ដើរ​បែរ​មុខ​ទៅ​មិន​កើត​ ព្រោះ​ខោ​ខ្លី​ត្រឹម​ជង្គង់​របស់​គាត់​ធូរ​រលង់​មិន​អាច​រឹប​អា​ប្អូន​របស់​ គាត់​ឱ្យ​មាន​របៀប​ក្រោយ​ពេល​ក្មេង​ស្រី​១៩​ឆ្នាំ​បង្អួត​រាង​នៅ​កណ្ដាល​ ព្រៃ​ស្ងាត់​ឈឹង​តែ​ពីរ​នាក់​យ៉ាង​នេះ។ នាង​ស្រី​ចាប់​ផ្ដើម​ហែល​ទឹក​លែង ជុច​បាត់​ដល់​បាត​អូរ​ហើយ​ផុស​មក​វិញ ធ្វើ​ឱ្យ​ទឹក​ជីប​សាច់​ក្រមា​ទៅ​នឹង​សាច់​ដើម​ទ្រូង​ស្ទើរ​ថា​ដូច​មើល​ឃើញ​ នឹង​ភ្នែក។ ពនេចរ​កាន់​តែ​មិន​ស្រួល​ក្នុង​ចិត្ត​ តែ​ដោយសារ​គាត់​ជា​ជន​ស្លូត​ត្រង់ គាត់​នៅ​តែ​មិន​ហ៊ាន​បំពាន​លើ​ក្មេង​ស្រី​សូម្បី​ឱកាស​ហុច​មក​ឱ្យ​យ៉ាង​ល្អ​ ពេល​នាង​បណ្ដែត​ខ្លួន​មក​ជិត ហើយ​ឈរ​ឡើង​នៅ​ក្បែរ​គាត់​ដើម្បី​សួរ​នាំ​តាម​របៀប​ក្មេង​ស្រី។ អៀប លឹប​ចូល​ទឹក​ពេល​នាង​ឈរ​នៅ​ក្បែរ ទឹក​អូរ​ថ្លា​ឆ្វង់​បណ្ដោយ​ឱ្យ​ពនេចរ​មើល​ឃើញ​មួយ​កំណាត់​ខ្លួន​ខាង​ក្រោម​ របស់​នាង​យ៉ាង​ច្បាស់ ក្រមា​ក៏​មិន​នៅ​តាម​របៀប​ទៀត​ដែល​ពេល​នាង​រំកិល​ខ្លួន​នៅ​ក្នុង​ទឹក ពេល​ខ្លះ​គឺ​មិន​មាន​ការ​បិទបាំង​នៅ​ទីតាំង​អៀន​ខ្មាស​បំផុត​របស់​មនុស្ស​ ស្រី​នោះ​ទេ តែ​នាង​ហាក់​មាន​ចេតនា​ចង់​ឱ្យ​ពនេចរ​កម្សត់​ឃើញ​អ្វី​គ្រប់​យ៉ាង​​របស់​នាង ​។ ឃើញ​នៅ​នឹង​ភ្នែក​ស្រស់​យ៉ាង​នេះ ពនេចរ​ដ៏​កម្សត់​ដូច​ជា​មិន​អាច​គ្រប់គ្រង​​អារម្មណ៍​ចង់​ស្គាល់​រសជាតិ​ ស្នេហ៍​ជា​លើក​ទី​មួយ ប៉ុន្តែ​ចរិត​ស្លូត​ត្រង់​របស់​គាត់​បាន​ហាម​ដៃ​ទាំង​ទ្វេ​របស់​គាត់​មិន​ ឱ្យ​បំពាន​នាង អៀប​ហើប​ពី​ទឹក​មក​វិញ មិន​និយាយ​ជាមួយ​នាង​ច្រើន​ក៏​លឹប​ទៅ​មួយ​ដង្ហើម​ធំ​វិញ​ដើម្បី​គយគន់​អ្វី​ ដែល​គាត់​តែង​ប្រាថ្នា​ចង់​ឃើញ​ និង​ប៉ះ​មក​ជា​យូរ​ក្នុង​វ័យ​២៩​ឆ្នាំ​របស់​គាត់។ ពេល​ខ្លះ​គាត់​យក​ដៃ​ទៅ​ជន្ល​ចង់​ប៉ះ តាម​ពិត​នាង​ស្រី​ក៏​មើល​ពី​លើ​ទឹក​ទៅ​ដឹង​ថា​គាត់​កំពុង​ចង់​ធ្វើ​អី​ដែរ ប៉ុន្តែ​នាង​បណ្ដោយ​ខ្លួន​ឱ្យ​ប្រលែង​នឹង​ទឹក​ថ្លា​ឆ្វង់ ស្រប​ពេល​ពនេចរ​កំពុង​ជ្រួលច្រាល់​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​ត្រូវ​ធ្វើ​ យ៉ាង​ណា ។

ពិត​ជា​មិន​គួរ​ឱ្យ​ជឿ នៅ​ពេល​ពនេចរ​យើង​គាត់​ហ៊ាន​ត្រឹម​ជន្លៗ​មិន​ដាច់​ចិត្ត​ប៉ះ​អ្វី​ដែល​គាត់​ ប៉ង​ជា​យូរ​មក​ហើយ​នោះ ទី​បំផុត​គាត់​ក៏​ប្រាប់​នាង​ថា៖ ងូត​យូរ​ណាស់​ហើយ យើង​ល្មម​ឈប់​ហើយ​ទេ​ដឹង? ពូ​លែង​ចង់​ងូត​ហើយ? តែ​ថ្ងៃ​អត់​ទាន់​ជ្រេ​ផង​ហ្នឹង! ពូ! ខ្ញុំ​សួរ​ពូ​រឿង​មួយ​បាន​អត់? រឿង​អី? គេ​ថា​ស្រី​ក្រមុំ​បរិសុទ្ធ​ពេល​មិន​ទាន់​រៀបការ មាន​ន័យ​ថា​ម៉េច? មាន​ន័យ​ថា នាង​មិន​ទាន់​មាន​ប្ដី? អញ្ចឹង​ស្រី​ដែល​មិន​ទាន់​មាន​ប្ដី​គេ​ហៅ​ថា ក្រមុំ​បរិសុទ្ធ? មិន​មែន​អញ្ចឹង​ទេ គេ​ចង់​និយាយ​ថា​មិន​ធ្លាប់​គេង​ជា​មួយ​ប្ដី។ ត្រូវ​ខ្ញុំ​មិន​ទាន់​មាន​ប្ដី​គឺ​ធ្លាប់​គេង​ជា​មួយ​ប្ដី​ហើយ អញ្ចឹង​ខ្ញុំ​គឺ​ក្រមុំ​បរិសុទ្ធ។ មិនមែន​ទាល់​តែ​ធ្លាប់​គេង​ជា​មួយ​ប្ដី​បាន​អស់​ក្រមុំ​ទេ ឱ្យ​តែ​គេង​ជា​មួយ​មនុស្ស​ប្រុស​គេ​លែង​ហៅ​ក្រមុំ​បរិសុទ្ធ​ហើយ។ ម៉េច​អញ្ចឹង? គ្រាន់​តែ​គេង​ជា​មួយ​ប្រុស​ម៉េច​ក៏​លែង​បរិសុទ្ធ។ មិនមែន​គេង​ធម្មតា​ទេ គេ​ធ្វើ​អី​ផ្សេង​ទៀត​ពេល​គេង ក្មួយ​កុំ​ចង់​ដឹង​អី​មិន​ល្អ​ទេ។ អត់​ទេ​ ខ្ញុំ​ចង់​ដឹង​ប្រាប់​ខ្ញុំ​ឱ្យ​អស់​មក។ ពូ​និយាយ​មិន​កើត​ទេ។ ចុះ​ពូ​ធ្លាប់​ធ្វើ​អី​គេ​ពេល​គេង​ហ្នុង​អត់? អត់​ទេ បាន​ហើយ​ឈប់​សួរ​ទៅ ពូ​ឡើង​ទៅ​កាប់​ឧស​ហើយ ក្មួយ​ឯង​ទៅ​បេះ​ដូង​ព្រះ​ទៅ ហើយ​ចាំ​ទៅ​ភូមិ​វិញ​ជា​មួយ​គ្នា។ អត់​ទេ ខ្ញុំ​ចង់​ដឹង​ថា​គេ​ធ្វើ​អី​ពេល​គេង​ជាមួយ​គ្នា ពូ​ជួយ​បង្រៀន​ខ្ញុំ​បន្តិច​ម៉ោ។ និយាយ​ទាល់​តែ​ពូ​ពនេចរ​បាត់​ម្ចាស់ការ​ទាំង​ស្រុង ទី​បំផុត​គាត់​នាំ​នាង​ក្រមុំ​ឡើង​ពី​ទឹក​អូរ​មក​ផ្ដល់​មេរៀន​ថា នារី​លែង​បរិសុទ្ធ​ដោយ​របៀប​ណា។ រៀន​មេរៀន​ជីវិត​ចេះ​ចប់​សព្វគ្រប់​ហើយ​នាង​ស្រី​ចង់​និយាយ​រឿង​ខ្មោច​ ប្រាប់​ពូ​អៀប៖ ពូ​ធ្លាប់​ស្ដាប់​រឿង​ខ្មោច​នាង​ក្រមុំ​ចងក​សម្លាប់​ខ្លួន​ទេ? អត់​ទេ ហើយ​ពូ​ក៏​មិន​ជឿ​រឿង​ខ្មោច​ដែរ។ អញ្ចឹង​ពូ​ស្ដាប់​ខ្ញុំ​និយាយ​អត់? ក្មួយ​និយាយ​ទៅ​អញ្ចឹង​ពូ​ស្ដាប់។ នៅ​ភូមិ​ខ្ញុំ​មាន​ក្មេង​ម្នាក់​អាយុ​១៩​ឆ្នាំ​គឺ​ស្របាល​នឹង​ខ្ញុំ នាង​បាន​ស្រលាញ់​គ្នា​ជា​មួយ​បុរស​មក​ពី​ភូមិ​ផ្សេង​ឪពុក​ម្ដាយ​នាង​មិន​ដឹង ​ពី​រឿង​នេះ​ទេ។

ក្រោយ​មក​គូ​ស្នេហ៍​របស់​នាង​បាន​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ​អស់​ជា​ច្រើន​ខែ​ ដោយ​គ្មាន​ដំណឹង លុះ​ថ្ងៃ​មួយ​ឪពុក​ម្ដាយ​នាង​បាន​ប្រាប់​ឱ្យ​នាង​ដឹង​ថា ពួក​គាត់​ត្រូវ​រៀបចំ​ទុក​ដាក់​នាង​ឱ្យ​ទៅ​កូន​ប្រុស​អ្នក​ភូមិ​ជាប់​គ្នា​ នោះ។ នាង​ពិបាក​ចិត្ត​ជា​ខ្លាំង​ ណា​គូ​ស្នេហ៍​ទៅ​បាត់​គ្មាន​ដំណឹង ណា​ត្រូវ​ឪពុក​ម្ដាយ​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​អ្នក​ភូមិ​ជាប់​នោះ​ដែល​នាង​ ធ្លាប់​ជួប​ម្ដងម្កាល​ហើយ​មិន​រាក់ទាក់​ឬ​ស្និទ្ធស្នាល​គ្នា​ទេ។ ដោយសារ​នាង​នៅ​ក្មេង​ល្ងឹតល្ងង់​ និង​មាន​​ចិត្ត​ស្មោះ​ស្ម័គ្រ​​ខ្លាច​គូ​ស្នេហ៍​ចោទ​ប្រកាន់​ថា​ក្បត់​ចិត្ត ​ នាង​បាន​ចង​ក​សម្លាប់​នៅ​លើ​ដើម​ពោធិ៍​ធំ​​មួយ​ក្នុង​ភូមិ។​ ប្រាំ​ពីរ​ថ្ងៃ​ក្រោយ​មក​ព្រលឹង​នាង​បាន​ដើរ​ទៅ​​ផ្ទះ​ដោយ​មិន​ដឹង​ថា​ ខ្លួន​បាន​ស្លាប់​នោះ​ទេ ពេល​ទៅ​ដល់​ផ្ទះ​នាង​ឡើង​ជណ្ដើរ​​បាន​ត្រឹម​មាត់​ទ្វារ តែ​ចូល​ក្នុង​ផ្ទះ​មិន​បាន​ព្រោះ​ត្រូវ​​ទេវតា​​រក្សា​មាត់​ទ្វារ​មិន​ឱ្យ​ ចូល។ ព្រលឹង​នាង​ក៏​មិន​ដឹង​ថា តា​និង​យាយ​ដែល​ស្លៀកពាក់​បែប​ជា​ប្រពៃណី​នោះ​ជា​ទេវតា​ដែរ​ តែ​ពួក​គាត់​ចេះ​តែ​ប្រាប់​នាង​ថា ឱ្យ​ទៅ​ដើម​ពោធិ៍​ភូមិ​សិន​ទៅ​ចាំ​មក​ផ្ទះ​វិញ។ ព្រលឹង​នាង​ទៅ​ដល់​ដើម​ពោធិ៍​ភូមិ​ក៏​ឃើញ​ឪពុក​ម្ដាយ​កំពុង​យំ​សោក ទី​បំផុត​នាង​ដឹង​ថា​ឪពុក​ម្ដាយ និង​អ្នក​ភូមិ​កំពុង​ធ្វើ​បុណ្យ​សព​ប្រាំពីរ​ថ្ងៃ​ឱ្យ​នាង។ នាង​នៅ​វិលវល់​​មិន​បាន​ទៅ​ចាប់​ជាតិ​ដោយសារ​នាង​ជា​ខ្មោច​តៃហោង​សម្លាប់​ ខ្លួន​ ដូច្នេះ​ហើយ​នាង​ត្រូវ​មក​សុំ​ខ្មោច​ម្ចាស់​ព្រៃ​អូរ​តា​អុង​នេះ​ដើម្បី​ ស្នាក់​អាស្រ័យ ប៉ុន្តែ​ដោយសារ​ខ្មោច​ក្នុង​ព្រៃ​នេះ​មាន​គំនុំ​ចង​ពារ​នឹង​​ពួក​អ្នក​ភូមិ ឬ​ដោយសារ​កម្មពៀរ ​ពួកគេ​​មិន​ឱ្យ​នាង​បាន​ស្នាក់​នៅ​ជា​ខ្មោច​ព្រៃ​​ផ្សេង​ទេ លុះ​ត្រា​តែ​នាង​បាន​សម្លាប់​មនុស្ស​ម្នាក់​ដោយ​បន្លាច​ ឬ​ធ្វើ​យ៉ាង​ណា​ឱ្យ​មនុស្ស​ស្លាប់​តៃ​ហោង​ម្នាក់​ដែរ​ទើប​នាង​អាច​អាស្រ័យ​ ក្នុង​ព្រៃ​ដោយ​មាន​ទី​ជម្រក ​និង​បាន​អាហារ​ដូច​ក្រុម​ខ្មោច​ផ្សេង​ទៀត​ក្នុង​ព្រៃ​នេះ​ដែរ។

រហូត​មក​ដល់​ពេល​នេះ​ខ្មោច​នាង​នៅ​តែ​វេទនា​គ្មាន​ជម្រក​ និង​អាហារ​គ្រប់គ្រាន់​ដោយសារ​នាង​មិន​ទាន់​បាន​សម្លាប់ ឬ​បន្លាច​អ្នក​ចូល​ព្រៃ​នេះ​ឱ្យ​ស្លាប់​តៃហោង​បាន​ម្នាក់​នៅ​ឡើយ។ ពូ​ដឹង​ទេ​? ម៉ោង​១២​យប់​គឺ​ម៉ោង​បែង​ចែក​ថ្ងៃ​របស់​មនុស្ស ១២​ថ្ងៃ​ត្រង់​គឺ​ម៉ោង​បែង​ចែក​ថ្ងៃ​របស់​ខ្មោច មុន​ថ្ងៃ​ជ្រេ​ផុត​ម៉ោង​១២​ថ្ងៃ​ត្រង់​ជា​ពេល​វេលា​ល្អ​សម្រាប់​ខ្មោច​តៃហោង ​ចេញ​មក​សម្លាប់​មនុស្ស។ បើ​ពិត​ជា​មាន​ខ្មោច​ ហើយ​មាន​រឿង​អញ្ចឹង​មែន ហេតុ​អី​ខ្មោច​ផ្សេងៗ​ ឬ​ខ្មោច​នាង​ក្រមុំ​នោះ​មិន​ទៅ​រក​កន្លែង​ផ្សេង​នៅ​ ចាំ​បាច់​ទៅ​សុំ​គេ​នៅ​ហើយ​សម្លាប់​មនុស្ស​ធ្វើ​អី? មនុស្ស​មាន​ច្បាប់​មនុស្ស​ខ្មោច​មាន​ច្បាប់​ខ្មោច ខ្មោច​តៃហោង​ជា​ខ្មោច​វណ្ណៈ​ទាប​បំផុត ប្រៀប​ស្មើ​នឹង​ពួក​ទាសករ​នៃ​មនុស្ស​លោក​ដែរ ក្រៅ​ពី​ព្រៃ​ខ្មោច​តៃ​ហោង​ពួកគេ​មិន​អាច​នៅ​​កន្លែង​ផ្សេង​បាន​ទេ បើ​មិន​សុំ​នៅ​ព្រៃ​ខ្មោច​តៃហោង​អូរ​តាអុង​នេះ​ក៏​ត្រូវ​ទៅ​សុំ​ខ្មោច​ ម្ចាស់​ព្រៃ​តៃហោង​ផ្សេង​ទៀត​​អាស្រ័យ​ដែរ ហើយ​ច្បាប់​ខ្មោច​តៃហោង​​ក៏​មិន​ខុស​ពី​គ្នា​ដែរ។ -បាន​ហើយ​ថ្ងៃ​ជ្រេ​ហើយ​ពូ​ត្រូវ​ទៅ​កាប់​បង្គោល ក្មួយ​​ទៅ​រក​បេះ​ផ្លែ​ដូងព្រះ​ទៅ​ក្រែង​រក​មិន​បាន។ មិន​បាច់​ខ្លាច​ទេ រឿង​នេះ​យាយ​ក្មួយ​គ្រាន់​តែ​​កុហក គាត់​កុហក​យ៉ាង​នេះ​ព្រោះ​ខ្លាច​ក្មេងៗ​គិត​ខ្លី​រឿង​អី​មួយ​ហើយ​ទៅ​សម្លាប់ ​ខ្លួន។ ពេល​ឮ​ថា ស្លាប់​ទៅ​ជា​ខ្មោច​តៃហោង​ពិបាក​វេទនា​​អញ្ចឹង​ទើប​ក្មេងៗ​មិន​ហ៊ាន​គិត​ ខ្លី។ បាន​ហើយ​ពូ​ទៅ​ហើយ។ និយាយ​ហើយ​ពនេចរ​យើង​ដើរ​សំដៅ​រទេះ​ទាញ​យក​ពូថៅ​ និង​ខ្វែវ​ហើយ​រុករាន​​ចូល​គុម្ព​ត្រស់​ចាប់​ផ្ដើម​កាប់​បង្គោល។ កាប់​បង្គោល​បាន​មួយ​ស្របក់​ អៀប ស្រាប់​តែ​ឮ​សម្រិប​ជើង​ដើរ​ជាន់​ស្លឹក​ឈើ​មក​ពី​ក្រោយ​ខ្នង​ដូច​មុន​ទៀត ហើយ​ងាក​ទៅ​ក្រោយ​ចំ​ពេល​ដែល​នាង​លូក​ដៃ​ទាំង​ពីរ​មក​ជិត​ដល់​ក​ក្នុង​សភាព​ ដូច​មុន។ ពូ​ប្រាប់​ហើយ​ថា​ពូ​មិន​ខ្លាច​ មិន​បាច់​មក​បន្លាច​ពូ​ទេ ឯង​ទៅ​រក​បេះ​ផ្លែ​ដូង​ព្រះ​ទៅ​បន្តិច​ទៀត​ ពូ​កាប់​បាន​បង្គោល​មួយ​ដឹក​ហើយ​ចាំ​ពូ​ស្រែក​ហៅ​ឱ្យ​ទៅ​ផ្ទះ​ជា​មួយ​គ្នា ឯង​នៅ​ភូមិ​ណា​ដែរ? នៅ​ភូមិ​ខាង​លើ​នេះ​ហើយ ភូមិ​ដែល​មាន​ក្មេង​ស្រី​ចង​ក​សម្លាប់​ខ្លួន​ព្រោះ​ឪពុក​ម្ដាយ​បង្ខំ​ឱ្យ​រៀបការ​នោះ​អី។ ត្រូវ​ហើយ! ពូ​កាប់​បង្គោល​យក​ទៅ​លក់​​ឱ្យ​អ្នក​ភូមិ​ខាង​លើ​នេះ​ឯង បាន​ហើយ​ឯង​ទៅ​បេះ​ផ្លែ​ដូង​ព្រះ​ទៅ បន្តិច​ទៀត​ពូ​ស្រែក​ហៅ​ ចាំ​​មក​ជិះ​រទេះ​ទៅ​ជា​មួយ​ពូ​ យប់​នេះ​​ពូ​ក៏​ទៅ​សម្រាក​នៅ​ភូមិ​នោះ​ដែរ។

កាប់​បង្គោល​ល្មម​ពេញ​រទេះ​ហើយ អៀប ចាប់​ផ្ដើម​លី​បង្គោល​រៀប​ដាក់​ពេញ​រទេះ​យក​ខ្សែ​មក​ចង​ព័ទ្ធ​ការពារ​បង្គោល ​ដែល​ពូក​ខ្ពស់​ជាង​របា​រទេះ​កុំ​ឱ្យ​រុះ​​ធ្លាក់។ រួច​រាល់​ហើយ​ក៏​ទឹម​គោ​ថយ​បែរ​រទេះ​សំដៅ​ផ្លូវ​ដែល​បាន​បរ​ចូល​មក។ បរ​ចេញ​បាន​បន្តិច​ទើប​ពនេចរ​យើ​ងនឹក​ឃើញ​ស្រែក​ហៅ​ក្មេង​ស្រី​នោះ​ឱ្យ​ទៅ​ ផ្ទះ​ជា​មួយ​ បរ​បណ្ដើរ​ងាក​ក្រោយ​ស្រែក​ហៅ​បណ្ដើរ​បន្តិច​ក្រោយ​មក​ក៏​ឃើញ​នាង​ឈរ​នៅ​ខាង ​មុខ​អែប​នឹង​ផ្លូវ​រទេះ​ អៀប ទាញ​ខ្សែ​បញ្ឈប់​គោ​រំពឹង​ថា នាង​នឹង​ដើរ​ឡើង​រទេះ។ ដល់​ឃើញ​នាង​នៅ​ឈរ​ស្ងៀម​ហាក់​មិន​បង្ហាញ​អាការៈ​ថា ចង់​ឡើង​រទេះ​សោះ​នោះ​គាត់​ក៏​សួរ៖ ម៉េច​មិន​ឡើង​រទេះ? ក្មួយ​មិន​ទៅ​ផ្ទះ​ទេ​អី? ថ្ងៃ​ជិត​លិច​ហើយ។ ពូ​មិន​ហៅ​ខ្ញុំ​ឡើង​ផង ខ្ញុំ​ឡើង​ម៉េច​កើត? យី!​ ចាំ​បាច់​ហៅ​ទៀត? ឆាប់​ឡើង​ម៉ោ! ឡើង​ដល់​លើ​រទេះ​ហើយ នារី​ក្រមុំ​ចាប់​ផ្ដើម​និយាយ​រឿង​ខ្មោច​បន្ត​។ ដោយ​សារ​ពនេចរ​យើង​ជា​មនុស្ស​ល្ងង់​ និង​មិន​ចេះ​ខ្លាច​ខ្មោច​ផង​នោះ ទោះ​និយាយ​យ៉ាង​ម៉េច​ក៏​គាត់​មិន​ចេះ​ខ្លាច។ នៅ​ទី​បំផុត​នាង​ក៏​ប្រាប់​ថា នាង​គឺ​ជា​ខ្មោច​ស្រី​ដែល​ចងក​ស្លាប់​តៃហោង​នោះ​ហើយ ព្រម​ទាំង​បាន​បង្ហាញ​អាការៈ​គួរ​ឱ្យ​ខ្លាច​​ជា​ច្រើន​ដើម្បី​បញ្ជាក់​ថា នាង​ជា​ខ្មោច​ពិត​ប្រាកដ​មែន​គឺ​ដើម្បី​ឱ្យ​ពនេចរ​ភ័យ​លស់​ព្រលឹង​ស្លាប់​ នឹង​អាល​នាង​មាន​ជម្រក​​ក្នុង​ព្រៃ​ខ្មោច​នេះ។ ខ្មោច​​តៃហោង​នេះ​​ខ្វេះ​គ្រាប់​ភ្នែក​ទាំង​ពីរ​មក​កាន់​បង្ហាញ​ពនេចរ ហែក​ពោះ​​លូក​ដៃ​​បារ​ពោះ​វៀន​ចេញ​មក​ក្រៅ កាច់​ក្បាល​ឱ្យ​ផ្ងាក​ទៅ​ក្រោយ​ដូច​មនុស្ស​គ្មាន​ក្បាល ប៉ុន្តែ​ពនេចរ​ល្ងឹតល្ងង់​នេះ​បែរ​ជា​សើច​ហើយ​សរសើរ​នាង​ថា នាង​មិន​ត្រឹម​តែ​ចេះ​និទាន​រឿង​ខ្មោច​ទេ ថែម​ទាំង​ចេះ​សំដែង​សៀក​ទៀត។ ដោយ​អស់​វិធី​បន្លាច​ពនេចរ​នេះ​ឱ្យ​ភ័យ​ស្លាប់ ហើយ​ព្រះ​អាទិត្យ​ក៏​លិច​ផុត​របះ​ព្រៃ​ទៅ​ហើយ ចំណែក​រទេះ​រំកិល​ជិត​ផុត​ផ្លូវ​ព្រៃ​ដែរ នៅ​ពេល​ពនេចរ​ងាក​ទៅ​ទាញ​ខ្សែ​គោ​បន្តិច​ដើម្បី​បង្កើន​ល្បឿន​នោះ នាង​ក៏​បាត់​ខ្លួន​ពី​លើ​រទេះ​ទៅ។ ពេល​ងាក​មក​វិញ​មិន​ឃើញ​នាង​ក៏​ស្រែក​ហៅ​មួយ​ស្របក់ ដោយ​មិន​មាន​ឮ​សំឡេង​ឆ្លើយ ណា​មេឃ​កាន់​តែ​ងងឹត​ទៅ​ៗ​ផង​នោះ​គាត់​ក៏​បរ​រទេះ​ចេញ​ពី​ព្រៃ​សំដៅ​ចូល​ ភូមិ​ខាង​លើ​នោះ​ដើម្បី​លក់​បង្គោល​ចម្ការ​ត្រឡាច​របស់​គាត់។

ចូល​ដល់​ក្នុង​ភូមិ​ ទម្លាក់​បង្គោល​ពី​លើ​រទេះ​ឱ្យ​ម្ចាស់​ចម្ការ​ ងូត​ទឹក​រួច​រាល់​ អៀប ក៏​ចូល​ទទួលទាន​អាហារ​ជា​មួយ​ម្ចាស់​ចម្ការ។ ជជែក​គ្នា​លេង​យូរ​ៗ​ទៅ​ក៏​បែក​ធ្លាយ​​ដល់​រឿង​ក្មេង​ស្រី​ក្នុង​ព្រៃ ម្ចាស់​ចម្ការ​ប្រាប់​ឱ្យ​ដឹង​ពី​ដំណើរ​រឿង​ដែល​ក្មួយ​ស្រី​គាត់​បាន​ចងក​ សម្លាប់​ខ្លួន​​នៅ​ដើម​ពោធិ៍​ធំ​ចុង​ភូមិ​ព្រោះ​តែ​ឪពុក​ម្ដាយ​នាង​បង្ខំ​ ឱ្យ​រៀបការ​។ សួរ​ពី​ភិនភាគ​ក្មួយ​ស្រី​ម្ចាស់​ចម្ការ​នោះ​ហើយ អៀប​ ក៏​ចាំ​ច្បាស់​ពី​ស្នាម​ដៅ​នៅ​លើ​ថ្ពាល់​ខាង​ឆ្វេង​របស់​នាង​ដូច​ដែល​ម្ចាស់ ​ចម្ការ​ប្រាប់ ពនេចរ​នេះ​ក៏​ស្រមៃ​ដល់​អាការៈ ខ្វេះ​គ្រាប់​ភ្នែក​ទាំង​ពីរ​ ការ​ហែក​ពោះ​លូក​ច្បាម​ពោះ​វៀន​មក​ក្រៅ និង​អាការៈ​ផ្សេងៗ​ទៀត ហើយ​គាត់​វិល​ស្មារតី​រន្ធត់​​ចិត្ត​រហូត​ស្លាប់​បាត់​ទៅ​។ ពី​ពេល​នោះ​មក​ខ្មោច​ក្មេង​ស្រី​ចង​ក​ក៏​បាន​រស់​នៅ​ក្នុង​ព្រៃ​អូរ​តា​ អុង​ជាមួយ​ខ្មោច​តៃហោង​ផ្សេង​ទៀត និង​បាន​ចូល​រួម​​បន្លាច​ពនេចរ​​ពី​ការ​ចូល​រុករាន​កាប់​ព្រៃ​ឱ្យ​ស្លាប់​ជា ​បន្ត​បន្ទាប់ លុះ​ដល់​ចុង​ទសវត្ស​ឆ្នាំ​១៩៩០​ ​ដោយសារ​ចំនួន​ប្រជាជន​ចេះ​តែ​កើន​ឡើង​និង​ខ្វះ​ដី​ធ្វើ​ស្រែ​ អ្នក​ភូមិ​ក៏​នាំ​គ្នា​​កាប់គាស់​រាន​ព្រៃ​នោះ​​យក​ដី​ចែក​គ្នា​​ធ្វើ​ស្រែ​ និង​​បាន​ធ្វើ​បុណ្យ​ដារ​ឆ្លង​ព្រម​ទាំង​​កែ​ឈ្មោះ​​ដាក់​ថា វាល​ស្រែ​អូរ​តា​អុង​រហូត​មក​ដោយ​គ្មាន​ខ្មោច​លង​បន្លាច​ដូច​សម័យ​មុន​ទេ ៕


Please, Comment
  • Blog »... Using Blogger
  • Facebook »... Using Facebook
  • Chart »... Using Chart

No comments :


ចម្រៀងសម័យ

[ចម្រៀងសម័យ »][threecolumns]

រូបភាព

[រូបភាព »][grids]

ចម្រៀងសម័យ

[ចម្រៀងសម័យ »][list]