នៅក្នុងសនិ្នសីទកាសែតបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចខ្លួននោះ លោក ចន ឃេរី រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា លោកបានលើកបញ្ហាតំណាងរាស្ត្រពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងជំនួបពេលព្រឹកជាមួយសម្ដេច ហ៊ុន សែន ដែលលោក ចន ឃេរី បានលើកមកបង្ហាញនៅពេលបិទបញ្ចប់ទស្សនកិច្ចខ្លួននោះថា បញ្ហាសិទ្ធិមនុស្ស គឺមានតួនាទីសំខាន់ណាស់សម្រាប់ប្រទេសប្រជាធិបតេយ្យ ក្នុងការអភិវឌ្ឍប្រទេស និងជួយភាពស្របច្បាប់ដល់រដ្ឋាភិបាលផងដែរ។ លោក បន្ថែមថា រដ្ឋាភិបាលត្រូវធានារាល់តំណាងរាស្ត្រទាំងអស់ នូវសិទ្ធិសេរីភាពនិងការបញ្ចេញមតិ និងភាពទទួលខុសត្រូវរបស់ពួកគេ ដោយមិនត្រូវឲ្យពួកគេមានភាពភ័យខ្លាច ឬការវាយប្រហារឡើយ។
ប្រមុខការទូតអាមេរិករូបនេះ បានបន្ថែមថា អាមេរិកជាប្រទេសដែលចូលចិត្តយកចិត្តទុកដាក់លើបញ្ហាប្រជាធិបតេយ្យគ្រប់ប្រទេសលើពិភពលោក ដូចបញ្ហាសេរីភាព អភិបាលកិច្ច ហើយអាមេរិកនឹងរិះរកមធ្យោបាយដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក ចន ឃេរី បន្ថែមថា អាមេរិកនឹងបន្តជួយលើកកម្ពុជាវិស័យអប់រំ វិស័យសុខាភិបាល និងវប្បធម៌ ដើម្បីឲ្យជួយឲ្យកម្ពុជាទទួលបានប្រជាធិបតេយ្យសេរីពហុបក្សពេញលេញ។
ក្រៅពីកត្ដាសិទ្ធិមនុស្សនេះ លោក ចន ឃេរី ក៏បានពិភាក្សាជាមួយសម្ដេច ហ៊ុន សែន ពីគម្រោងដែលអាមេរិកគ្រោងជួយអភិវឌ្ឍទន្លេមេគង្គឲ្យមានចីរភាព និងអភិវឌ្ឍន៍មេគង្គក្រោមឲ្យបានប្រសើឡើង។ ការជួយកម្ពុជាពាក់ព័ន្ធការការពារចំណីរអាហារ ការបញ្ជូនកម្លាំងស្ម័គ្រចិត្តមកកម្ពុជាដើម្បីបង្កើនទំនាក់ទំនងរវាងប្រជាជនកម្ពុជានិងប្រជាជនអាមេរិក ។
ក្រៅពីជំនួបជាមួយសម្ដេច ហ៊ុន សែន នេះ លោក ចន ឃេរី ក៏បានជួបជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដោយលោកបានពិភាក្សាជាមួយគ្នាពីបញ្ហាបោះឆ្នោតនៅកម្ពុជា ហើយលោកសង្ឃឹមថា ការបោះឆ្នោតនៅកម្ពុជា នៅឆ្នាំ២០១៧ និង២០១៨ខាងមុខនឹងមានភាពរឹងមាំ ដោយសេរី និងយុត្តិធម៌។ ចំណែកជំនួបជាមួយសង្គមស៊ីវិល លោក ចន ឃេរី បានពិភាក្សាលើបញ្ហាកំណែទម្រង់ដីធ្លី បញ្ហាបរិស្ថាន ការកាប់ព្រៃឈើ គណនេយ្យភាព និងការប្រើថាមពលនិរន្តភាពជាដើម។
តែយ៉ាងណាប្រមុខការទូតអាមេរិកបញ្ជាក់ថា ការណ៍ដែលលោកមកទស្សនកិច្ចនៅតំបន់អាស៊ីនាពេលនេះ ជាពិសេសមកកម្ពុជានេះ គឺដើម្បីបង្កើនទំនាក់ទំនងប្រទេសទាំងពីរប៉ុណ្ណោះ។
ក្រោយពីទស្សនកិច្ចនៅឡាវ និងកម្ពុជា នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃេរី នឹងបន្តទស្សនកិច្ចទៅចិន មុនពេលដែលប្រមុខរដ្ឋាភិបាលប្រទេសជាសមាជិកអាស៊ានទាំងអស់ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក នៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក៕
|
Please, Comment
No comments :